ប្រទេសជប៉ុន ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ លោក ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ របស់ លោកអាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។
នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនោះ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា–វៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចំរើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ ។ សម្តេចតេជោមានប្រសាសន៍ជំរាបជូនលោកប្រធានរដ្ឋវៀតណាម ពីវត្តមានរបស់ សម្តេចអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧និងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា។
ជាមួយគ្នានេះ សម្តេចបានជំរាបជូនលោកប្រធានរដ្ឋវៀតណាម ពីលទ្ធផលផ្លែផ្កានៃការធ្វើកិច្ចការជាច្រើន ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមថ្មី លើការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លោក ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម មានប្រសាសន៍សំដែងនូវការរីករាយដោយបានជួបសម្តេចតេជោសាជាថ្មីម្តងទៀត នៅលើទឹកដីនៃប្រទេសជប៉ុន។ លោកបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ញាញាណ នៃការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ។
លោកប្រធានរដ្ឋក៏បានវាយតម្លៃខ្ពស់ ចំពោះប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានរួមគ្នាដោះស្រាយលើការងារធំៗជាច្រើន ដែលបម្រើឧត្តមប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរកម្ពុជា–វៀតណាម ពិសេសកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងខ្ពស់ បើទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ក្តី។មេដឹកនាំទាំងពីរក៏បាន ឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។
លោកប្រធានរដ្ឋវៀតណាម បានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងការធ្វើជាប្រធានអាស៊ានដើម្បីបម្រើផលប្រយោជន៍តំបន់របស់យើង។ លោកប្រធានរដ្ឋ បានបង្ហាញនូវអនុស្សាវរីយ៍ជាច្រើនដែលធ្លាប់បានធ្វើការជាមួយសម្តេចក្នុងពេលដែលឯកឧត្តមធ្វើជា នាយករដ្ឋមន្រ្តីវៀតណាម។
លោកប្រធានរដ្ឋនិងសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធ្វើការពិភាក្សាគ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕