ខេត្តតាកែវ ៖ ដោយសារតែកំហឹងពេញខ្លួននិងគំនុំចាស់បុរសម្នាក់បានយកដុំថ្មគប់ចូលផ្ទះគូបដិបក្សបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសក្បាល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាករណីខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះ សាន សារឿន ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទីខេត្តតាកែវ បានយកដុំថ្មគប់ទៅលើផ្ទះជនរងគ្រោះឈ្មោះ ប៉ុល ខេង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បណ្ដាលឲ្យបែកកញ្ចក់ទ្វារផ្ទះចំនួនពីរផ្ទាំង ហើយបានគប់ទៅលើជនរងគ្រោះឈ្មោះ ឡោ ឆេង ភេទស្រី អាយុ ៥៧ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើបណ្ដាលឲ្យរងរបួសបែកក្បាលពីក្រោយបច្ចុប្បន្នក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅព្យាបាលជំងឺនៅមន្ទីរពេទ្យភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាមូលហេតុបណ្ដាលមកពីរឿងគំនុំព្រោះក្រុមគ្រួសារទាំងពីរធ្លាប់មានទំនាស់នឹងគ្នា។
ក្រោយធ្វើសកម្មភាពជនសង្ស័យត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីធ្វើការឃាត់ខ្លួនចាត់បញ្ជូនបន្តតាមនីតិវិធី៕