លោក ចេង មុនីរ៉ា បានប្រាប់មន្ត្រីក្រោមឱវាទអោយពង្រឹងការងារអនុវត្តគោលការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានអោយអស់ ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

19

ភ្នំពេញ៖លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានប្រាប់មន្ត្រីក្រោមឱវាទអោយពង្រឹងការងារអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ជាពិសេស ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានអោយអស់ ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចេញកាលពីពេលថ្មីៗនេះ ។​

លោក ចេង មុនីរ៉ា ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ។

អភិបាលខណ្ឌច្បារអំពៅ បានណែនាំអោយមន្ត្រីក្រោមឱវាទផ្តោតលើការងារដូចខាងក្រោម ៖

-ពង្រឹងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវការចរចារណ៍និងប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទតាមគ្រប់រូបភាពនៅក្នុងមូលដ្ឋាន ស្របតាមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

– រៀបចំវេនប្រចាំការតាមសង្កាត់ ខណ្ឌ និងដឹកនាំការល្បាតក្នុងមូលដ្ឋាន

– ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលអញ្ជើញទៅធ្វើបុណ្យតាមបណ្តាវត្តទាំង២៤ក្នុងខណ្ឌ

– ដឹកនាំការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ផ្តោតលើគោលដៅផ្លូវលេខ ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២  ផ្សារព្រែកឯងក្នុងសង្កាត់ព្រែកឯង និងផ្សារជនជាតិក្នុងសង្កាត់ព្រែកប្រា

– ត្រួតពិនិត្យទីតាំងទទួលបញ្ចាំទាំងអស់នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ

– ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព រហ័ស និងប្រកបដោយប្រសិទ្ធភាព

– ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការវ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញជូនប្រជាពលរដ្ឋ

– ពន្លឿនសិក្សាគម្រោងអភិវឌ្ឍន៍សង្កាត់និងខណ្ឌ

– កែសម្រួលសមាសភាពគណៈកម្មាធិការនានាឲ្យស្របនឹងស្ថានភាពជាក់ស្តែង ៕