អ្នកស្រាវជ្រាវរកឃើញប្រភេទជីវៈចម្រុះកំពុងស្ថិតក្នុងការសង្ស័យខ្ពស់ថាអាចជាប្រភេទថ្មី នៅតំបន់ភ្នំក្នុងខេត្តកំពត

29

តាមការសិក្សាពីក្រុមជំនាញជីវៈចម្រុះនៃក្រសួងបរិស្ថាននាពេលថ្មីៗនេះ បានបង្ហាញថា តំបន់បេតិភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង និងតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច ស្ថិតក្នុងខេត្តកំពត មានថនិកសត្វចំនួន១២ប្រភេទ ល្មូនចំនួន១៨ប្រភេទ និងថលជលិក (ក្រុមកង្កែប)៨ប្រភេទ ក្នុងនោះ៣ប្រភេទស្ថិតក្នុងក្រុមប្រភេទជិតផុតពូជបំផុត (CR) ២ប្រភេទស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ (EN) និង២ប្រភេទទៀតស្ថិតក្នុងក្រុមប្រភេទងាយទទួលរងគ្រោះ(VU) និងប្រភេទជាច្រើនទៀតកំពុងស្ថិតក្នុងការកំណត់អត្តសញ្ញាណតាមបែបវិទ្យាសាស្ត្រ និងកំពុងស្ថិតក្នុងការសង្ស័យខ្ពស់ថាអាចជាប្រភេទថ្មី ហើយក្រុមការងារក៏បានប្រមូលសំណាកមួយចំនួនសម្រាប់រក្សាទុក និងសិក្សាបន្តផងដែរ។

សូមបញ្ជាក់ថា ដោយមើលឃើញពីគុណតម្លៃនៃជីវៈចម្រុះ សេវាកម្មប្រព័ន្ធអេកូឡូស៊ី និងសម្បត្តិវប្បធម៌ធម្មជាតិ ជាពិសេសភ្នំថ្មកំបោរ និងល្អាងភ្នំជាច្រើន ទើបនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យចំនួន២ គឺអនុក្រឹត្យលេខ ១២. អនក្រ.បក ស្តីពីការបង្កើតតំបន់បេតិភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង (ទំហំ២៥ហត) ស្ថិតក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត និងអនុក្រឹត្យលេខ ១៣. អនក្រ.បក ស្តីពីការបង្កើតតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច (ទំហំ៨៣,៤៤ហត) ស្ថិតក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត។

តាមការសិក្សាស្រាវជ្រាវ ភ្នំនេះជាទីជម្រករបស់សត្វប្រចៀវស៊ីសត្វល្អិតរាប់សិបម៉ឺនក្បាល ដែលអាចផលិតលាមកប្រចៀវសម្រាប់ប្រជាពលរដ្ឋយកទៅធ្វើជាជីធម្មជាតិគិតជាទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។ប្រភព​៖ក្រសួង​បរិស្ថាន​

#បរិស្ថាន​  #cambodia