(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំពិធីប្រកាសសមាសភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន នៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាភ្នំពេញ ។
សមាសភាពដែលត្រូវប្រកាសទទួលស្គាល់ក្នុងពិធីនោះ មានចំនួន ៣៣២នាក់ តំណាងឱ្យសមាសភាពជាងពីរពាន់នាក់ ដែលបានទទួលស្គាល់ដោយសហភាពសហព័ន្ធយុវជនកម្ពុជា មកពីតំណាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ចំនួន ១១៤ នៅទូទាំងប្រទេស ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) បានរាយការណ៍សង្ខេបអំពីលទ្ធផលជោគជ័យរបស់ក្រុមប្រឹក្សា ក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងឆ្នាំ២០២១ កន្លងទៅ ឯកឧត្តមបានសង្កត់ធ្ងន់លើសមិទ្ធផលការងារជាច្រើនដែលសម្រេចបាន ទោះបីកម្ពុជា បានរងឥទ្ធិពលដោយសារជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវការកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សា ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនសម្រេចបានលើសផែនការកំណត់។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបង្កើតចលនាយុវជនមួយមានឈ្មោះថា «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ដែលមានសសរស្ដម្ភចំនួន៩ ព្រមទាំងបានលើកឡើងអំពីមូលហេតុ និងគោលបំណងនៃការបង្កើត«ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា» ដែលមានតួនាទីធ្វើជាសេនាធិការឱ្យប្រធាន ស.ស.យ.ក. និងមានភារកិច្ចបំពេញការងារសំខាន់ៗជាច្រើន ដើម្បីជាប្រយោជន៍ដល់យុវជនប្រមាណជាង ២០ម៉ឺននាក់ នៅតាមគ្រឹះស្ថានឧត្តមសិក្សា ទាំងរដ្ឋ និងឯកជន នាពេលបច្ចុប្បន្ន ។
សូមបញ្ជាក់ថា គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ប្រចាំគ្រឹះស្ថានឧត្តមសិក្សាឯកជន មានឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ជាប្រធាន ។ គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ មានឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប្រធាន។ គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរដ្ឋ ចំណុះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឯកឧត្តម ហេង សួរ ជាប្រធាន ។
សូមបញ្ជាក់ដែរថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតឡើងតាមសេចក្តីសម្រេចលេខ២៥២/សរ ស.ស.យ.ក. ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕