ភ្នំពេញ ៖ យុវជនម្នាក់រួមដំណើរជាមួយនឹងយុវជនបីនាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿងក្នុងល្បឿនលឿនបត់ឆ្លងផ្លូវមិនទាន់ជ្រុលទៅបុកខឿនផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមពេញទំហឹងបណ្តាលឱ្យយុវជនម្នាក់រងរបួសដៃម្ខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវលេខ១១៣កែងផ្លូវលេខ៦១៦ ក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរជាមួយយុវជនបី នាក់ទៀតបើករថយន្តម៉ាកអូឌី ពណ៌សពាក់ស្លាកលេខភ្នំពេញ2BH-7575ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦១៦ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃមកផ្លូវលេខ១១៣ ប៉ុន្តែដោយសារល្បឿនលឿនពេកបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្តាលឱ្យទ្រេត ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំនិងកល់ជាប់ជាមួយបង្គោលភ្លើងទៅមុខលែងរួច។ភ្លាមៗនោះគេឃើញយុវជនទាំង៤នាក់ចេញពីរថយន្តហើយមានយុវជនម្នាក់បានរងរបួសដៃម្ខាង រួចនាំគ្នាហៅឡំប្រឺតាជិះទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យដោយខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕