ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុងហើយលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០ នៅក្នុងកិច្ចប្រជុំក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថាមានសក្ដានុពល ក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់ កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅកម្ពុជា ដោយបានផ្សារ ភា្ជប់ជាមួយជីវភាពប្រចាំថ្ងៃ នៅទីក្រុង និងជនបទ។
ការកសាងគោលនយោបាយអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ពិតជាមានសារៈសំខាន់ សម្រាប់ជាប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព ដើម្បីឆ្លើយតបទៅ នឹងនិន្នាការវិវត្តនៃតម្រូវការទាំងក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច ស្របទៅនឹងក្របខណ្ឌ អភិវឌ្ឍន៍ប្រៃសណីយ៍អន្តរជាតិ សំដៅពង្រីក វិសាលភាពសេវាប្រៃសណីយ៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាពជូនប្រជាជន។
គោលនយោបាយនេះ មានចក្ខុវិស័យ អភិវឌ្ឍវិស័យប្រៃសណីយ៍ និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជនប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០ មានគោលបំណង ពង្រឹង និងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យបានទូលំទូលាយប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិភាព និងភាពជឿទុកចិត្ត ព្រមទាំង គាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍ ជាមួយនឹងការជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។គោលនយោបាយកំណត់គោលដៅ ចំនួន៤រួមមាន៖
១៖ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងវិស័យប្រៃសណីយ៍ ដើម្បីធានាការលើកកម្ពស់គុណភាពសេវា និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់
២៖ ធ្វើទំនើបកម្មសេវា ប្រៃសណីយ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រីកបណ្ដាញប្រៃសណីយ៍ ឱ្យមានវិសាលភាពទូលំទូលាយ ខិតទៅដល់ ប្រជាជន និងប្រើប្រាស់បច្ចេកវិទ្យាឌីជីចល
៣៖ បង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ក្នុងការធ្វើជីវកម្ម ក្នុងវិស័យប្រៃសណីយ៍ ដឹកជញ្ជូន និងចែកបញ្ញើប្រៃសណីយ៍ ដោយជំរុញការប្រកួតប្រជែងដោយសុចរិត
៤៖ លើកកម្ពស់តួនាទីរបស់ប្រៃសណីយ៍កម្ពុជាក្នុងការផ្តល់សេវាប្រៃសណីយ៍។
ដើម្បីសម្រេចបានគោលដៅ និងគោលបំណងនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍ យុទ្ធសាស្រ្ត សំខាន់ៗចំនួន ៨ត្រូវបានកំណត់ឡើង។ យុទ្ធសាស្ត្រទាំងនោះរួមមាន៖
១៖ ពង្រឹងក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យប្រៃសណីយ៍
២៖ បង្កើតយន្តការលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍ និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់
៣៖ លើកកម្ពស់សុវត្ថិភាពការងារ និងចីរភាពបរិស្ថានក្នុងប្រតិបត្តិការអាជីវកម្មប្រៃសណីយ៍
៤៖ អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរូបវន្តបណ្ដាញភស្តុភារកម្មប្រៃសណីយ៍ និងជំរុញការធ្វើបរិវត្តកម្ម ឌីជីថលលើប្រព័ន្ធអេកូឡូហ្ស៊ីប្រៃសណីយ៍ សេវាកម្ម និងបណ្ដាញប្រៃសណីយ៍
៥៖ គ្រប់គ្រងឱ្យបានល្អប្រសើរនូវការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍របស់ផ្នែកឯកជន
៦៖ ជំរុញការបង្កើនសមត្ថភាពរបស់ប្រៃសណីយ៍កម្ពុជា ក្នុងការធ្វើប្រតិបត្តិការ អាជីវកម្ម
៧៖ បង្កើតកម្មវិធីកាតព្វកិច្ចសេវាប្រៃសណីយ៍សកល និងចូលរួមគាំទ្រការផ្តល់សេវាសាធារណៈ របស់រាជរដ្ឋាភិបាល
៨៖ ជំរុញការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យ
ប្រៃសណីយ៍។ យុទ្ធសាស្រ្តនីមួយៗ គឺមានសកម្មភាពអាទិភាព ដែលជាគម្រោងអនុវត្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០។
ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ នឹងដើរតួនាទីសហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ដើម្បីអនុវត្តសកម្មភាព អាទិភាពឱ្យសម្រេចបានតាមយុទ្ធសាស្រ្តខាងលើ ក្រោមប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃដោយមានការកំណត់សូចនាករគោលដៅ ដែលអាចវាស់វែងបាន។
ជាមួយនឹងការអនុវត្តន៍នូវគោលនយោបាយនេះ គឺទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវមានឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តខ្ពស់ សំដៅផ្តល់ផលប្រយោជន៍ជូនប្រជាជន និងធ្វើឱ្យវិស័យប្រៃសណីយ៍សម្រេចបាននូវសក្ដានុពលពេញលេញ ជាវិស័យចូលរួមចំណែកគាំទ្រពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៕