ភ្នំពេញ ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃពុធទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) ដឹកនាំដោយលោក Sun Yao Guo ប្រធានវិស្វករ ដើម្បីពិនិត្យពិភាក្សា លើចំណុចត្រូវធ្វើឱ្យប្រសើរឡើងនូវការងារដែលនៅសេសសល់ និងត្រៀមដាក់ឱ្យដំណើរការសាកល្បង ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុនាពេលឆាប់ៗខាងមុខ។
កិច្ចប្រជុំនេះ មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយកវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន និងលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន រាជធានី/ខេត្ត ដែលពាក់ព័ន្ធ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងអំណរ គុណទៅកាន់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដែលបានអនុវត្តការងារសាងសង់លឿនជាង គម្រោងដែលបានគ្រោងទុកក្នុងកិច្ចសន្យា។ ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីក៏បានដាក់ផែនការឱ្យគ្រប់ភាគីពាក់ព័ន្ធដោះស្រាយការងារដែលនៅសេសសល់យកមកពិភាក្សារកដំណោះស្រាយ ឱ្យបានរួចរាល់ ដើម្បីត្រៀមដាក់ឱ្យដំណើរសាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងនោះដែរចំពោះ ទីតាំងសាងសង់បង្គោលអង់តែនទូរសព្ទសំខាន់ៗមួយចំនួន នៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឯកភាពជាមួយក្រុមហ៊ុន CRBC ផ្តល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការរៀបចំបំពាក់បង្គោលតាមនីតិវិធីរបស់ខ្លួន ជាមួយភាគីពាក់ព័ន្ធ។
សូមជម្រាបជូនថា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះសម្រចបាន ៩៦,៦០% គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គម្រោងសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ – ព្រះសីហនុ នឹងក្លាយជាផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុតនៅក្នុងព្រះរាជាណា ចក្រកម្ពុជា និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្រ្តសំខាន់បំផុត ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពី រាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងថយមកប្រមាណពីរម៉ោងប៉ុណ្ណោះ ព្រមទាំង ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕