ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែងនិងបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាសាលាបឋមសិក្សា
ប្រស្រែ សាលាបឋមសិក្សាស្នែរាន និងសាលាបឋមសិក្សាដីថុយ ស្ថិតនៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
របាយការណ៍បានឱ្យដឹងថា អគារសាលាបឋមសិក្សាថ្មីទាំង៣ ចំនួន៣ខ្នងនេះ គឺស្មើនឹង៩បន្ទប់ រួមទាំងបន្ទប់សិស្ស បន្ទប់ទីចាត់ការ និងបណ្ទប់បណ្ណាល័យ។ ពិធីសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ នៃរដ្ឋបាលស្រុកបាភ្នំ អភិបាលអភិបាលរងខេត្តព្រៃវែង អភិបាលក្រុងស្រុកទាំង១៣ កងកម្លាំងទាំងបី មន្រ្តីនៃមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋក្នុងស្រុកបាភ្នំ សរុបចំនួន១,៤១៤នាក់។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបាភ្នំ ដែលដឹកនាំដោយលោក ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាដែលជានិច្ចជាកាលបានរួមចំណែកយ៉ាងច្រើនក្នុងការកសាងសមិទ្ធផលនានាបម្រើដល់ប្រយោជន៍សង្គមជាតិក្នុងមូលដ្ឋានស្រុកភ្នំ។
សម្ដេចបានមានប្រសាសន៍ថាសម្ដេចផ្ទាល់និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការផ្សេងៗទៀតដែលជាក្រុមការងាររាជរដ្ឋាភិបាលបាននិងកំពុងចូលរួមសកម្មភាពបម្រើជាតិ បម្រើប្រជាពលរដ្ឋយ៉ាងសកម្ម ពោលគឺក្រៅពីការងារស្នូល ក៏បានចូលរួមក្នុងការងារមូលដ្ឋានបន្ថែមទៀតដែរ ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខណៈក្រុមការងារគណបក្សបានធ្វើការងារនយោបាយដើម្បីធ្វើយ៉ាងណាឱ្យសមាជិកសមាជិការបន្តការគាំទ្រលើកម្មវិធីនយោបាយ និងគោលនយោបាយរបស់គណបក្ស ព្រមទាំងពង្រីកការគាំទ្រដើម្បីបង្កើនសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
សម្ដេចក្រឡាហោម បានបន្ថែមថាក្រុមការងារទាំងពីរ មានគោលដៅដូចគ្នាមួយគឺធ្វើការងារបម្រើប្រជាពលរដ្ឋដូចៗគ្នា ពិសេសការពាំនាំនូវស្ថានការណ៍ជាក់ស្ដែងនៅមូលដ្ឋាន ដូចជាការលំបាក បញ្ហាប្រឈម សំណូមពរ ឬសំណើរនានារបស់ប្រជាពលរដ្ឋ ដើម្បីយកទៅរាយការណ៍ដល់រាជរដ្ឋាភិបាល រាយការណ៍ដល់ថ្នាក់ដឹកនាំគណបក្សឱ្យជួយដោះស្រាយនៅក្នុងករណីបញ្ហាទាំងនោះ ពួកគាត់គ្មានលទ្ធភាព ឬសមត្ថភាពដើម្បីដោះស្រាយ ហើយថាប្រសិនបើក្រុមការងារទាំងពីរនេះមានលទ្ធភាពអាចធ្វើបាន ក្រុមការងារនឹងប្រមែលប្រមូលធនធានដើម្បីឆ្លើយតបសេចក្ដីត្រូវការប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោមបានបន្ថែមថា«យើងធ្វើរបៀបនេះ ពិតជាមានប្រយោជន៍ច្រើនណាស់ ដោយយើងមិនរង់ចាំតែគម្រោងថវិការបស់រដ្ឋ ឬថវិកាជាតិ»។
សម្ដេចបន្តថាគម្រោងថ្នាក់ជាតិដែលប្រើថវិកាជាតិនោះ គឺមានជារៀងរាល់ឆ្នាំ ប៉ុន្តែក៏មិនអាចបំពេញសេចក្ដីត្រូវការពលរដ្ឋបានទាំងអស់បានដែរ ដូច្នេះក្រុមការងារទាំងក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស បានចូលរួមចំណែករួមគ្នាជួយដោះស្រាយ ពិសេសរាល់សេចក្ដីត្រូវការណាដែលមានអាទិភាពសម្រាប់បម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងសមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាការសិក្សារៀនសូត្រ ឬការបណ្ដុះបណ្ដាលធនធានមនុស្សនេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការការពារសុខសន្តិភាព និងអភិវឌ្ឍប្រទេស។
សម្ដេចបន្ថែមថា«កត្តានេះជាកត្តាគន្លឹះតែម្ដង មិនមែនមនុស្សច្រើនហើយខ្លាំងនោះទេ ហើយក៏មិនមែនមានន័យថាប្រទេសហ្នឹងមានធនធានធម្មជាតិសម្បូរបែបហើយក៏ខ្លាំងនោះដែរ។
ប៉ុន្តែបើប្រទេសនោះមានចំនួនប្រជាជនតិច ហើយធន់ធានក៏មិនសម្បូរ ក៏ប៉ុន្តែគេមានធនធានមនុស្ស មានអ្នកចេះដឹង ហើយមនុស្សរៀនសូត្របានជ្រៅជ្រះ ពិតជាធ្វើឱ្យស្រុកទេសរីកចម្រើន ថ្កុំថ្កើនរុងរឿង»។
ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណប្រជាពលដ្ឋដែលបានគាំទ្រដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតទាំងកន្លងមក និងនាពេលខាងមុខទៀត និងមានការជឿជាក់លើថ្នាក់ដឹកនាំ និងមន្រ្តីនៅមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ពិសេសបានអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុប។
សម្ដេចបន្ថែមថាការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនលើសលុបរបស់ប្រជាពលរដ្ឋ គឺជាការបង្ហាញថាប្រជាពលរដ្ឋគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជា៕