ភ្នំពេញ ៖ អតីតកីឡាករបាល់ទាត់
ជម្រេីសជាតិម្នាក់បានជិះម៉ូតូធ្លាក់ចូលទឹកប្រឡាយបណ្ដាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីយប់វេលាម៉ោង១០ថ្ងៃទី២០ ខែមេសា បង្កការភ្ញាក់ផ្អើលនៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ស្ថិតនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះខាងលើមានឈ្មោះ ទេស សម្បត្តិ អាយុ២៨ឆ្នាំ ស្នាក់នៅបុរីទីលាង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកADV ពាក់ផ្លាកលេខ ភ្នំពេញ1KY-4937 ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿនហើយដោយយប់ងងឹតផងនោះបណ្តាលឲ្យជ្រុលចង្កូតរអិលធ្លាក់ចូលទឹកប្រឡាយជម្រៅប្រហែល៤ម៉ែត្ររបស់ក្រសួងធនធានទឹកបាត់មួយយប់។ លុះមកដល់ព្រឹកឡើងសមត្ថកិច្ចមូលដ្ឋានសហការជាមួយក្រុមគ្រួសាររកសាកសពនិងម៉ូតូរបស់ជនរងគ្រោះ ក៏រកឃើញសពជនរងគ្រោះនៅក្នុងទឹកហើយបានស្រង់យកមកលើគោក ធ្វើការពិនិត្យសពនិងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តកំពង់ស្ពឺ៕